Thursday, June 13, 2013

រឿង បុរសច្រណែននឹងប្រពន្ធ

មានកាល​មួយ​នោះ ​បុរស​ម្នាក់កើត​ក្ដី​នឿយហត់​ ហើយ​ធុញ​ទ្រាន់ចំពោះការងារ​ក្រៅ​ផ្ទះ ផ្ទុយ​ពី​ភរិយា​របស់​គាត់​​ដែល​នៅ​តែ​ផ្ទះ។ ហើយ​អ្វី​ដែល​ធ្វើ​អោយ​គាត់​កាន់​តែច្រណែន​នាង​ទៅ​ទៀត​នោះ គឺ​នាង​នៅ​តែ​ផ្ទះ​ហើយ​ នៅ​មាន​គេ​ប្រារព្ធ​ទិវាសិទ្ធិ​នារី​៨មីនាសំរាប់​នាងថែម​ទៀត។

គាត់​ចង់​អោយ​ប្រពន្ធរបស់​គាត់​បាន​ដឹងពី​ការ​លំបាក​របស់​គាត់ ដូច្នេះ​គាត់​ក៏​បួង​សួង​ដល់​ទេវតា៖
« ទេវតា​អឺយ មួយ​ថ្ងៃ​ខ្ញុំ​ធ្វើ​ការ​ប្រាំបី​ម៉ោង ចំនែក​ឯភរិយា​ខ្ញុំ​វិញ នាង​នៅ​តែផ្ទះ ។ ខ្ញុំ​ចង់​អោយ​នាង​យល់​ពី​ការ​លំបាក​របស់​ខ្ញុំ។ ដូច្នេះ សូម​ព្រះ​អង្គ​ ជួយប្ដូរ​កាយ​យើង​ទាំង​ពីរ​ អោយ​បាន​មួយ​ថ្ងៃ​ ដើម្បី​អោយ​នាង​យល់​ពី​ខ្ញុំ​ផង »

ទេវតា​យល់​ដល់​សេចក្ដី​អធិដ្ឋាន​របស់​បុរស​ម្នាក់ ក៏​ប្រទានពរ​តាម​ប្រាថ្នា។ បុរស​ជា​ប្ដី​ក្លាយ​ជា​ស្ត្រី​មេផ្ទះ រី​ឯនាង​ជា​ភរិយា​ក៏​ក្លាយ​ជា ប្ដី​ជា​អ្នក​ធ្វើ​ការក្រៅ​វិញ។
….
ព្រឹក​ឡើង​បុរស​នោះ​ក្រោក​ឡើង​ក្នុង​កាយ​ជា​ស្ត្រី។
គាត់​ក្រោក​ទៅ​ធ្វើ​ម្ហូប​សំរាប់​ប្ដី​និង​កូន គាត់​ដាស់​កូន​អោយ​ក្រោក។
ស្លៀកពាក់​អោយ​កូន។ បញ្ចុក​ចំនី។
ជូន​កូន​ទៅ​រៀន។
ទៅ​ផ្សារ។
ពិនិត្យ​មើល​ចំនូលចំនាយ ប្រចាំ​ថ្ងៃ។ បង់​លុយ​ទឹក​ភ្លើង។
មុជ​ទឹក​អោយ​ឆ្កែ។
ម៉ោង១ថ្ងៃ ស្រេច!!
រៀបចំ​ពូក។
បោក​ខោអាវ។
បោស​ផ្ទះ។
ទៅ​យក​កូន​ចេញ​ពី​សាលា។ ឈ្លោះ​ជាមួយ​កូន​តាម​ផ្លូវ​មក​ផ្ទះ។
បញ្ចុក​ចំនី ទឹកដោះ​គោ។
បង្រៀន​កូន ជួយ​មើល​កិច្ចការសាលា។
បន្ទាប់មក​អ៊ុតខោ​អាវបណ្ដើរ មើលទូរទស្សន៍​បណ្ដើរ។
បន្ទាប់​មក​រៀបចំ​បន្លែ សាច់​ធ្វើ​ ម្ហូប។
រៀប​បាយ​ល្ងាច។
ជូត​ចង្ក្រាន លាង​ចាន។
មុជ​ទឹក​អោយ​កូន។ ផ្ដេក​កូន។
បុរស​នោះ​ អស់​កំលាំង​ជា​ខ្លាំង តែ​គាត់​ត្រូវ​មាន​ភារកិច្ច​មួយ​ទៀត គឺ​រឿង​ស្នេហា​លើ​គ្រែ។
ព្រឹក​ឡើង​បុរស​នោះ​ ប្រញាប់​ប្រញាល់​ ដោយ​មិន​បង្អង់​យូរ បួង​សួងដល់​ទេវតា សុំ​ដូរ​កាយ​ជា​បុរស​ដូច​ដើម​វិញ។
« ទេវតា​អឺយ ខ្ញុំ​គិត​ខុស​ហើយ ដែល​ច្រណែន​ប្រពន្ធ​នៅ​ផ្ទះ។ ទេវតា​អឺយ​ សូម​មេត្តា​ប្រែរូបខ្ញុំ​អោយ​ដូច​ដើម​វិញ​មក »
ទេវតា​ក៏​តប​ទៅ​បុរស​នោះ​វិញ​ថា
« ដោយ​យើង​ឃើញ​ថា​ឯង​យល់​នូវ​កំហុស​របស់​ខ្លួន យល់​ដឹង​ពី​ទុក្ខលំបាក​របស់​ប្រពន្ធ ដូច្នេះ​យើង​នឹង​ប្រែកាយ​ឯង​អោយ​ដូច​ដើម​វិញ។ តែ​ឯង​ត្រូវ​ចាំ​៩​ខែ​ទៀត​សិន ព្រោះឯង​មាន​ផ្ទៃ​ពោះ​ តាំង​ពី​យប់​ម៉ិញនេះ ! »

No comments:

Post a Comment

Source: ExchangeRates.org.uk