
- សំលាញ់ ! ហេតុអ្វីក៏អ្នកដើររកស៊ីមិនមើលអន្តរាយ មកឲ្យជាប់អន្ទាក់គេយ៉ាងនេះ ?
ស្មាន់ក៏ឆ្លើយ ៖
- ឳ ! សំលាញ់អើយ អញនេះបានជាខុសហើយ ចូរសំលាញ់គិតកែខៃយ៉ាងណាឲ្យអញផងចុះ ។
ទីទុយនិងអណ្តើកស្ម័គ្រទទួលជួយដោះទុក្ខមិត្ត ។ ទីទុយហើរទៅពាំនាំទឹកមកស្រោចខ្សែអន្ទាក់ឲ្យទន់ ឯអណ្តើកក៏ខាំខ្សែអន្ទាក់នោះ ទីទុយនិងអណ្តើកព្យាយាមខាំកាត់អន្ទាក់ តាំងពីបឋមយាមដរាបដល់មច្ឆិមយាមទៀបនឹងភ្លឺស្វាង កាត់បានពីធ្លុងនៅសល់មួយធ្លុងក៏ជួនពេលព្រានព្រៃមក ទើបទីទុយ និងអណ្តើកតឿនស្មាន់ថា
- សំលាញ់អើយ ! ពេលនេះម្ចាស់អន្ទាក់មកជិតដល់ហើយ យើងជួយកាត់បានតែពីរធ្លុងនៅសល់មួយធ្លុង ចូរសំលាញ់ខំបោលកន្ត្រាក់ដោយខ្លួនឯង ឲ្យដាច់ផងចុះ ។
កាលសត្វទាំងបីកំពុងនិយាយគ្នាដូចនោះនាយព្រានក៏មកដល់ ទើបទីទុយនិងអណ្តើកចេញចាកពីទីនោះចូលទៅពួនក្នុងព្រៃ ចាំមើលដំណើរស្មាន់ ។ ស្មាន់សោតកាលបើនាយព្រានមកដល់ជិតខ្លួន ក៏ស្ទុះកន្ត្រាក់ផ្តាច់អន្ទាក់នោះបាន ហើយបោលចូលព្រៃទៅហោង ។
នាយព្រាននឹកស្តាយស្មាន់ណាស់ ក៏រត់ដេញតាមតែតាមពុំទាន់ ទៅប្រទះលើអណ្តើកហើយវិលមកធ្វើអន្ទាក់នោះទៀត ។
ទីទុយឃើញនាយព្រានចាប់អណ្តើកបានដូចនោះ ក៏និយាយនឹងស្មាន់ថា
- ចូរអ្នកក្លែងខ្លួនធ្វើជាបាក់ជើង ដើរទៅក្បែរព្រានព្រៃ បើឧបាយកលមាយា លួងឲ្យនាយព្រានដេញ ព្រានគង់នឹងដាក់អណ្តើកនៅកណ្តាលវាល រត់ដេញអ្នកមិនលែងឡើយ ឆ្លៀតពេលនោះអ្នករត់គេចមកក្រោយខាំពាំអណ្តើកបោលចូលព្រៃឲ្យរួចពីដៃអាព្រាននោះ។
ស្មាន់អនុវត្តតាមពាក្យទីទុយបង្គាប់ លុះដើរជិតដល់ នាយព្រាន ក៏ធ្វើជាបាក់ជើងម្ខាងបោលបោះតែជើងបី ។ នាយព្រានពុំដឹងអាការស្មាន់ក៏សំគាល់ថា
- ” ស្មាន់នេះត្រូវអន្ទាក់ ខំកន្ត្រាក់ទាល់តែដាច់បានទំនងជាវាបាក់ជើងដោយខ្សែអន្ទាក់វាត់ត្រូវនោះឯង “ ។
គិតហើយនាយព្រានស្ទុះដេញតាមស្មាន់ដើម្បីនឹងប្រហារ ។ ស្មាន់បែរមកឃើញនាយព្រានមិនទាន់ដាក់អណ្តើកចោលដូចនោះ ក៏ធ្វើជាបោលពុំលឿន ។ នាយព្រានគិតថាៈ
- ” អញតើមានប្រយោជន៍អ្វីនឹងអណ្តើកមួយ សាច់វាស្លស៊ីបានតែព្រឹកល្ងាចប៉ុណ្ណោះ គួរតែចោលវាចេញចុះហើយខំរត់ដេញអាស្មាន់បាក់ជើងឲ្យបាន ត្បិតវាជាសត្វជាសត្វធំ សាច់ច្រើនលើសអាអណ្តើកនេះទៅទៀត “ ។
គិតហើយព្រាន ក៏ចោលអណ្តើកនៅលើគុម្ពស្បូវរត់តាមស្មាន់ ។ ស្មាន់ដឹងថានាយព្រានចោលអណ្តើកហើយ នឹងរត់ធ្វើជន្លនាយព្រាន ឲ្យដេញចេញទៅផុតព្រៃស្បូវ ។ បានឳកាសល្អ ស្មាន់បោលគេចមកក្រោយទៅដល់កន្លែងអណ្តើក ពាំអណ្តើកនោះបោលផ្លោះចូលទៅក្នុងព្រៃធំ ។ ទីទុយហើរនាំផ្លូវដរាបដល់ព្រៃមួយ ដែលផុតព្រានដើរទៅដល់ ។ សត្វទាំងបីក៏នាំគ្នាអាស្រ័យនៅក្នុងព្រៃនោះជាសុខសប្បាយទៅហោង ៕
វាយអត្ថបទដោយៈ ផល ស្រីនុត
ដកស្រង់ចេញពីសៀវភៅអក្សរសិល្ប៍សម័យរដ្ឋកម្ពុជា
No comments:
Post a Comment