មានមនុស្សឆោតម្នាក់ជិះក្របីទៅស្រែយកស្រូវ១ល្អីទៅសាប ចៅនោះគិតថាអញ ជិះក្របីនេះវាធ្ងន់ហើយ បើឯងដាក់ស្រូវ១ល្អីលើខ្នងវាទៀត វារឹតតែធ្ងន់គ្នាណាស់ គួរតែជួយទូលវាកុំឲ្យគ្នាធ្ងន់ពេក ចៅនេះគិតដូច្នេះហើយទើបជិះក្របីបរទៅកាន់ស្រែ។
កាល ណោះ ព្រះមហាក្សត្រាធិបតី ប្រើរាជអាមាត្យឲ្យដើររកមនុស្សឆោតក្នុងព្រះនគរ ថាបើមនុស្សឆោតនៅក្នុងទីណានោះ ឲ្យរាជអាមាត្យនាំមនុស្សនោះចូលទៅគាល់ នឹងព្រះរាជទានរង្វាន់ឲ្យរាជអាមាត្យតាមក្តីគាប់។ ឯអាមាត្យដើររកគ្រប់ទីកន្លែងមិនឃើញសោះ លុះដើរមកដល់វាលស្រែ បែរទៅឃើញចៅជិះក្របីទូលល្អីស្រូវដូច្នេះក៏សំគាល់ថាចៅនេះឆោត ពិតប្រាកដ ទើបសួរទៅថា ចៅឯងនេះជិះលើខ្នងក្របីហើយស្រូវ១ល្អីនោះ ម្តេចមិនដាក់លើខ្នងក្របីទៅ ម្តេចខំទូលផង ចៅឯងម្តេចឆោតម្ល៉េះ?
ចៅនោះពុំទទួលខ្លួនថាឆោតល្ងង់ទើបតបទៅថា ខ្ញុំបាទនឹងឆោតល្ងង់កាលណា ខ្ញុំបាទចេះ ចេះគិតឃើញថា ខ្លួនជិះលើខ្នងគ្នាៗធ្ងន់មួយសាហើយ សមដាក់ស្រូវថែម១ល្អីលើខ្នងគ្នាទៀត គ្នាធ្ងន់គ្នាក៏រឹតតែទ្វេឡើង។ ហេតុនេះខ្ញុំបាទមេត្តាក្របីខ្ញុំ ទើបជួយទូលវាដូច្នេះ ហេតុដូចម្តេចក៏លោកពោលថាខ្ញុំឆោតល្ងង់នោះ។
រាជអាមាត្យ ខំពន្យល់យ៉ាងណាក៏ចៅនោះមិនព្រមទទួលថាខ្លួនឆោត។ ដោយរកមនុស្សឆោតដែលព្រមទទួលខ្លួនថាឆោតល្ងង់ពុំបាន រាជអាមាត្យក៏ចូលក្រាបទូលស្តេចថាខ្លួនរកមនុស្សឆោតពុំបានទេ។
ជាតិមនុស្សយើងទោះល្ងង់ឆោតយ៉ាងណាក្តី ក៏ពុំទទួលខ្លួនថាឆោត ថាពុំចេះនោះឡើយ សឹងអួតថាខ្លួនចេះដឹងទាំងអស់។
គតិលោកភាគ៣ ឧកញ៉សុត្តន្តប្រីជា ឥន្ទ រៀបរៀង
No comments:
Post a Comment