Sunday, September 1, 2013
រឿងសត្វឥន្ទ្រី និងសត្វមាន់ដែលមានន័យសម្រាប់ជីវិត
ថ្ងៃមួយក្រុមពួកសត្វមាន់ មាននាំគ្នាទាំងហ្វូងៗ បណ្ដើរគ្នាត្រាច់ចរគ្រប់ទីកន្លែងរហូតមកដល់ទឹកដីដែលមានស្រូវ ធនធានធម្មជាតិ និងមានគ្រប់អ្វីៗទាំងអស់។ ស្រាប់តែមានពេលមួយនោះ ក៏មានសត្វឥន្ទ្រីបានហោះហើរទៅឆ្ងាយបាត់ ដោយបន្សល់តែ ពង របស់វាអោយនៅក្នុងសំបុក។
ស្របពេលជាមួយគ្នាដែលក្រុមសត្វមាន់ដែលកំពុងបបួលគ្នាទាំងហ្វូងៗមករស់នៅលើទឹកដីរបស់ឥន្ទ្រីផង ដូចនេះក្រុមសត្វមាន់ទាំងនោះបានក្រាប ពង នៅនៅក្នុងសំបុករបស់សត្វឥន្ទ្រី។ ក្រោយមួយពងមាន់ទាំងនោះចាប់ផ្ដើមញាស់ឡើងចេញសុទ្ធតែ កូនមាន់ជាច្រើន ប៉ុន្តែមានពងតែមួយគត់ (ពងឥន្ទ្រី) ដែលញាស់ចេញមកមានរូបរាងខុសពីគេ ព្រោះពងដែលញាស់ចេញទាំងប៉ុន្មានសុទ្ធតែមានរូបរាងតូចៗ ចំណែកឯឥន្ទ្រីវិ្មានមាឌធំជាងគេ។ សត្វមាន់ជាសត្វដែលអន់ មួយថ្ងៃៗគិតតែដើរត្រុកៗៗ ចឹកចំណីចឹកគ្រាប់ស្រូវលើដី ចំណែកឥន្ទ្រីវិញជាសត្វដែលរឹងមាំជាង។
សត្វមាន់តែងនិយាយបង្អាប់ដាក់សត្វឥន្ទ្រីថា ឯងមិនដូចយើងទេ រូបរាងឯងខុសពីពួកយើងណាស់! ក្រុមសត្វមាន់បានព្យាយាមបង្គាប់អោយសត្វឥន្ទ្រីធ្វើដូចពួកគេ។ ឥន្ទ្រីក៏បានព្យាយាម បញ្ចេញសំលេង រងាវអោយដូចសត្វមាន់ ព្យាយាមដើរទទះស្លាបដូចសត្វមាន់អស់ជាពេលយ៉ាងយូ នៅតែធ្វើមិនបាន។ សត្វឥន្ទ្រីបានព្យាយាមដើរចឹកចំណីលើដីដូចសត្វមាន់នៅតែមិនបាន។ ចំណាយពេលជាច្រើនខែ នៅតែមិនកើតព្រោះធម្មជាតិរបស់ឥន្ទ្រីគឺខុសពីសត្វមាន់ ការរស់នៅរបស់ឥន្ទ្រីគឺមានសេរីភាព អាចហោះហើរ លើទីវាលដែលខ្ពស់ៗ អាចរំលងភ្នំមួយទៅភ្នំមួយទៀត ភ្នែករបស់ឥន្ទ្រីអាចមើលបានវែងឆ្ងាយពីលើអាកាសបានប្រហែលជា ១គីឡូម៉ែត្រ។ លុះមានថ្ងៃមួយ ឥន្ទ្រីបានអង្គុយអស់សង្ឃឹមយ៉ាងខ្លាំងចំពោះព្រេងវាសនារបស់វា ដោយគិតថាហេតុអ្វីបានការរស់នៅរបស់វាខុសប្លែកពីអ្នកដទៃ ហេតុអ្វីក្រុមសត្វមាន់តែធ្វើបាបវា មិនព្រមរាប់អានវាបែបនេះ អីចឹង?
លុះក្រោយមក ភ្នែកឥន្ទ្រីដែលអាចសំលឹងមើលបានឆ្ងាយនោះ ក៏ឃើញមានអ្វីមួយដែលកំពុងហោះរំលងភ្នំយ៉ាងខ្ពស់ ហើយហោះរមកជិតវាបន្តិចម្ដងៗ មើលយូយូទៅទើបដឹងថា មានសត្វមួយប្រភេទទៀតដែលមានរូបរាងដូចវាបេះបិទគឺ សត្វឥន្ទ្រី។ សត្វនោះបានមកក្បែរវាហើយ ប្រាប់វាឯងជាពូជសត្វដែលស្វាហាប់ ក្លាហាន អាចហោះហើរបានខ្ពស់ អាចប្រមាញ់និងសម្លាប់ក្រុមពពួកសត្វសាហាវៗជាច្រើនដូចជា ពស់ ឆ្កែ និងសត្វជាច្រើនទៀត! ហេតុអីក៏ឯងមករស់នៅជាមួយសត្វមាន់ទៅវិញ។
ពេលនោះសត្វឥន្ទ្រីកម្សត់បាន ព្យាយាមទទះស្លាប រៀនហោះ រៀនត្រដាងស្លាបអោយបានធំៗ ចុងបំផុត ឥន្ទ្រីនោះអាចបំពេញក្ដីប្រាថ្នារបស់គេបានដោយអាចហោះ រំលងភ្នំមួយទៅភ្នំមួយទៀត និងអាចរស់នៅដោយមានសេរីភាព មិនមែននៅក្រោមបង្គាប់របស់ក្រុមសត្វមាន់ទាំងនោះទៀតឡើយ….ចប់។
អត្ថន័យនេះគ្រាន់តែចង់បង្ហាញថា ជីវិតរបស់នៅរបស់យើងគ្រប់គ្នា ដែលមានគ្រាប់ពូជក្នុងជិវិតជាអ្នកថ្លៃថ្នូរ មានថ្ងៃខ្លះក៏អាចធ្លាក់ចូលទៅក្នុងសង្គមមួយដ៏ភ្លើតភ្លើនទាំងមិនដឹងខ្លួនដែរ តែសំខាន់បំផុតគឺ យើងត្រូវចេះព្យាយាមផ្លាស់ប្ដូរទម្លាប់របស់យើងពី ជីវិតដ៏លំបាកមកក្លាយជាជីវិតដែលពេញដោយក្ដីសុខសម្រាប់ជីវិតផងដែរ។
វាមិនខុសអីពីសង្គមខ្មែរដែលជាពូជអំបូរខ្មែរអង្គរធ្លាប់ថ្កើងថ្កានល្បីថាជាប្រទេស អច្ឆរិយក្នុងពិភពលោកនោះទេ ប៉ុន្តែបច្ចុប្បន្នបានក្លាយទៅជាប្រទេសមួយដែលបាត់បង់ធនធាន បាត់បង់ទឹកដី រស់នៅក្រោមការកៀបសង្កត់ពីអ្នកដទៃ។ ដូចនេះហើយសង្ឃឹមថាខ្មែរនឹងព្យាយាមធ្វើខ្លួនអោយដូចសត្វឥន្ទ្រី កុំធ្វើដូចជាសត្វមាន់! ចូរព្យាយាមងើបឡើង ប្រឹងឡើង ដូចជាឥន្ទ្រីដែលព្យាយាមទទះស្លាបហោះហើរឡើងទៅលើមេឃដែរ។ ដោយ សាម៉ាឌី ឃេអែស ។ចប់៕
Subscribe to:
Post Comments (Atom)
Source: ExchangeRates.org.uk
No comments:
Post a Comment