រឿងនិទានមួយដំណាលថា មានមហាចោរម្នាក់ ពុំមានភរិយាឡើយ គាត់បានសង់ផ្ទះ មួយខ្នងល្អស្អាតនៅក្នុង ព្រៃស្មសាន ដើម្បីទុកដាក់ទ្រព្យរបស់ ខ្លួនមាន មាស ប្រាក់ សំពត់អាវស្បៃជាដើម ដែល ខ្លួនបានទៅលួចប្លន់ពីគេ។ លុះក្រោយមកមហាចោរ ក៏រំ ពឹងគិតថា “អាត្មាអញ មានទ្រព្យសម្បត្តិច្រើនណាស់ តែទាស់ត្រង់គ្មានអ្នក ណានៅ ថែរក្សាសោះ គិតសព្វគ្រប់ទៅ ការប្រឹងប្រែង របស់ អញ នេះ ដូចជាគ្មានបានការអ្វី សោះ! ព្រោះថា បើកាលណា អាត្មាអញស្លាប់ទៅ ទ្រព្យអស់ទាំងនេះ នឹងទៅជារបស់ គ្មានបានការ វាគួរឲ្យស្តាយ ណាស់។ បើមាន ប្រពន្ធកូនគ្រាន់នឹងស៊ីមរតកនេះ អាត្មា អញមិនសូវជា ស្តាយពេកទេ”។គិតហើយ មហាចោរក៏ដើរទៅក្រវែលភូមិអ្នកស្រុក រំពៃគយគន់មើលក្មេងស្រី ប្រុស ដែលកំពុងលេងខ្ញៀវខ្ញា នៅក្រោមប្លប់ឈើ។ ហើយក៏ឃើញនាងតូចម្នាក់ មានរូប ឆោមស្អាតសមរម្យ មានសាច់ឈាមស្រស់ថ្លា ថ្លៃថ្នូរគួរឲ្យស្រឡាញ់ ក៏និយាយ លួង លោមក្មេងនោះឲ្យបែកចេញ ពីពួក្មេងៗ ហើយបញ្ឆោតនាំនាងយក ទៅនៅក្នុង ផ្ទះ របស់ខ្លួន។ ដោយខ្លាចក្មេងនោះលួចរត់ទៅរកឪពុកម្តាយនាងវិញ ព្រមទាំងការពារកុំឲ្យ ម្តាយ ឪពុកតាមរកនាងឃើញ មហាចោរក៏យកក្មេងនោះទៅលាក់ ទុកក្នុងបន្ទប់ចាក់សោ ជាប់។ រាល់ពេលបាយ ឫពេលបាននំចំណីអាហារឆ្ងាញ់ៗ មហាចោរតែងហុច តាមប្រ ឡោះតូចមួយទៅឲ្យនាងបរិភោគ។ ក្មេងស្រីនោះក៏នៅក្នុងម្លប់ ចេះតែចំរើនសាច់ឈាម រាល់ថ្ងៃជាលំដាប់ រហូត ដល់នាង ពេញវ័យក្រមុំ។ ដោយសារតែនាងនៅក្នុងបន្ទប់ នាងមិនដែលត្រូវពន្លឺព្រះអាទិត្យ និង មិនបានជាន់ដីជាច្រើនឆ្នាំមកហើយ ទើបបណ្តាលឲ្យនាងស្គមស្លេកស្លាំង ខុសពីនារី ទូទៅ។ មហាចោរភ័យណាស់ មិនដឹងជាកូនមានជំងឺអ្វីទេក៏ត្រាច់ទៅក្នុងអ្នកភូមិស្រុក ក៏បានជួបនឹងដូនចាស់ម្នាក់ជាយាយម៉ប មហាចោរក៏និយាយអង្វរ សូមអញ្ជើញដូន ចាស់ឲ្យ មកជួយមើល រោគកូនខ្លួន។យាយម៉បនោះមកដល់ ចូលទៅសួរសុខទុក្ខនាង ហើយយល់ការណ៍ ក៏ប្រាប់ នាងថា “ចៅយាយអើយ! ចៅកុំព្រួយអី! ចៅឈឺនេះ គ្មានអ្វីក្រៅពីជំងឺគ្រប់ការទេ គឺពេលដែល ចៅផ្លាស់វ័យ នេះហើយ ដែលធ្វើអោយចៅរសាប់រសល់ ចុកខ្នង ចុកចង្កេះ ល្ហិតល្ហៃ ដៃជើង។ តែចៅកុំព្រួយ! ចាំយាយផ្សំថ្នាំសង្កូវឲ្យចៅផឹក”។ ថាហើយ យាយម៉បក៏ស្ទោះសំបកឈើមកផ្សំថ្នាំ ដាំទឹកឲ្យនាងផឹក ហើយផ្តាំថា “នែចៅ ពេលចៅជិត ដល់ថ្ងៃមក រដូវ ចូរចៅយកថ្នាំមួយកញ្ចប់នេះដាំទឹកហើយផឹកចំនួនបួនប្រាំថ្ងៃ នោះចៅ នឹងបាន ធូរស្រាលក្នុងខ្លួនដូចបំណង ហើយសាច់ឈាម ពណ៌សម្បុររបស់ចៅ ក៏រឹតតែល្អឡើង ដែរ”។ នៅពេលដែលយាយម៉បបាន មើលថែទាំកូនចោរនោះមក គាត់ចេះ តែសង្កេត ឃើញឫកពា និងរូបឆោមនាងនោះល្អណាស់ ក៏កួចចិត្តទុកថា នឹង សម្លឹង រកកំលោះ រូបល្អណាមួយ ឲ្យសក្តិសមគ្នាជាមួយនឹងនាង។លុះកូនស្រីមហាចោរផឹកថ្នាំរួច ក៏បានធូរស្រាលរោគ ហើយយាយម៉បចូលទៅសំពះ សុំលាមហាចោរ ហើយផ្តាំមហា ចោរមិនឲ្យឃុំនាងនៅក្នុង បន្ទប់តទៅទៀត ទេ។ មហាចោរ បានយកមាសប្រាក់ខ្លះៗ ជូនជាទ្រនឹបដល់យាយម៉ប ហើយជូន យាយ ត្រលប់ទៅផ្ទះវិញ។ ពេលរៀបចេញ ទៅយាយម៉បនឹកក្នុងចិត្តថា “ផ្ទះមហា ចោរនេះ ឆ្ងាយដាច់ស្រយាលពីភូមិស្រុកគេណាស់ ឯព្រៃទៀតសោតក៏ស្ងាត់គួរឲ្យខ្លាច ប្រសិន បើអញត្រូវការចង់មកទីនេះទៀត ធ្វើម្តេចនឹងរកផ្លូវឃើញ” នឹកសព្វគ្រប់ ហើយគាត់ក៏ យកគ្រាប់ឪឡឹកមួយ បង្វេចដែលដាក់តាមខ្លួន ដើរតាមក្រោយ មហាចោរ យាយដើរ បណ្តើរ ចាប់គ្រាប់ឪឡឹករោយបណ្តើរ រហូតមកដល់ផ្ទះគាត់វិញ។ថ្ងៃមួយ អាស្រ័យបច្ច័យហេតុផលពីបុព្វេ បណ្តាលឲ្យមាណពម្នាក់ដែលត្រលប់ពីរៀន វិជ្ជាការ ចូលទៅសម្រាកនៅផ្ទះយាយម៉បនោះសិន ត្បិតថ្ងៃកាន់តែជ្រេ កំលាំងក៏អស់ ផ្លូវទៅមុខទៀតក៏នៅឆ្ងាយ ក៏ចូលទៅសំពះដូនចាស់សុំស្នាក់នៅបាន មួយយប់។ ជួន ជាដូនចាស់ ចេញមក ក៏ក្រលេកឃើញ មាណពចូលមកសំពះ ក៏មាន ចិត្តសប្បុរស ទទួលឲ្យស្នាក់នៅ។ យាយដាំបាយបណ្តើរសំណេះសំណាលសួរអំពីពូជពង្សមាណព បណ្តើរ។លុះអាស្រ័យបាយរួច យាយម៉បក៏ចេះតែសង្កេតរូបឆោមមាណពនោះ តាំងតែពីចូល មក។ យាយសួរមាណពនោះថា “នែចៅ! កាលពីចៅលាឪពុកម្តាយ មក ស្វែងរកតំរិះ វិជ្ជានេះ តើឪពុកម្តាយ ចៅមានស្តឺដណ្តឹងកូនចៅអ្នកណាទុកឲ្យ ហើយ រឺនៅ?” ចៅ មាណបតបថា “បាទលោកយាយ! មិនទាន់មានឡើយទេ! ចៅគិតថា ប្រសិនបើបាន ជួបនារីណាមួយ មានលក្ខណៈសមរម្យល្អនោះ ខ្ញុំនឹងយកនាងធ្វើជា ប្រពន្ធខ្ញុំហើយ! តើលោកយាយបានស្គាល់កូនចៅលោកណា ដែលល្អនៅក្នុងភូមិ ស្រុកនេះដែរឬទេ?” លោកយាយឆ្លើយថា “ចៅអើយ! នៅក្នុងស្រុកភូមិនេះ មិនឃើញ មានស្រីណាម្នាក់ សក្តិសមនឹងចៅទេ ប៉ុន្តែជីដូនធ្លាប់ឃើញស្រីម្នាក់ នាងនោះគឺជាកូន មហាចោរនៅ ក្នុងព្រៃឆ្ងាយឯណោះ។ យាយម៉បក៏និយាយរៀបរាប់អំពីដំណើរដែល គាត់បានទៅឃើញនាង។មាណពឮយាយម៉បនិយាយសរសើរអំពីនាងមាណព អន្ទះសាចង់ឃើញ រូបនាងខ្លាំងណាស់ ក៏អង្វរយាយឲ្យជូនទៅ។ យាយម៉ប ក៏ប្រកែកថា “ទេចៅ! យាយ ជូនចៅទៅមិនបានទេ ព្រោះយាយ ខ្លាចមហាចោរនោះណាស់ យាយចាស់មែន តែ យាយមិនទាន់ចង់ស្លាប់ទេ តែយាយចង់ឲ្យចៅ និងនាង បានគ្នាជាប្តី ប្រពន្ធ ឥឡូវចៅ គេងឲ្យស្រួលទៅ ព្រឹកស្អែកចាំចេញដំណើ រទៅរកនាង”។យប់នោះបុរសនោះ ចេះតែគិតសព្វគ្រប់ដេកក៏មិនលក់ដោយប្លែកកន្លែងផង ទន្ទឹងចាំ ឲ្យតែភ្លឺឆាប់នឹងបានទៅជួបនាងផង ណាមួយគិតបារម្ភអំពីដំនើរ ក្នុងព្រៃតែ ម្នាក់ឯង ណាមួយគិតដល់គ្រោះថ្នាក់ ជាមួយមហាចោរ។ លុះមាណពក្រោកពីដំនេក យាយក៏ឲ្យស្រស់ស្រូបបាយទឹក រួចប្រគល់កញ្ចប់ អាហារ សំរាប់តាមផ្លូវ ហើយនាំបង្ហាញ តម្រុយដើមឪឡឹកឲ្យ ចៅមាណពធ្វើដំនើរ ចេញទៅ។ យាយម៉បផ្តាំមាណពថា “នែចៅ! ចូរចៅដើរតាមជួរដើមឪឡឹកនេះចុះ! ចៅនឹងបាន ទៅដល់ផ្ទះនាងហើយ តែចៅប្រយ័ត្នខ្លួនឲ្យមែនទែនណា៎! ចៅទៅចុះ សូមឲ្យបាន សេចក្តីសុខ និងឲ្យបានសំរេចដូចសេចក្តីបំណងប្រាថ្នា បើមានសត្រូវ មកពីមុខឲ្យ រំលង បើមានសត្រូវមកពីក្រោយខ្នង ឲ្យរលាយណាចៅ”។ចៅមាណពក្រាបប្រណិប័តន៍លោកយាយ ហើយចេញដំនើរទៅ។ ថ្ងៃជ្រេបន្តិច ទើប មាណពទៅដល់ផ្ទះមហាចោរនោះ។ គាប់ជួនជាពេលនោះមហាចោរមិននៅ ចេញ ទៅរកប្លន់គេបាត់ នៅតែកូនស្រីឲ្យចាំផ្ទះម្នាក់ឯង។ នាងកំពុងដើរតត្រុក បោសសំ អាតផ្ទះតាមទំលាប់ ពុំគិតក្រែងមានអ្នកណាមកក្បែរឡើយ។ ឯចៅមាណព នោះទៅ លបគយគន់ឃើញថា នាងនៅតែម្នាក់ឯងក៏ ប្រថុយស្រែកហៅនាង។ នាងឮ សូរមាត់ មនុស្សចំលែក នាងភ័យ ណាស់គិតថា “តើអ្នកណាហ្ន៎! ហ៊ានចូល មក ដល់ទីនេះ?” ប៉ុន្តែនាងក្រលេកទៅ ឃើញយុវបុរសជាអ្នក មានឫកពាសុភាពរាបសាល្អ ដែលមិនគួរ ឲ្យខ្លាច នាងក៏បើកទ្វារឲ្យ បុរសនោះចូលផ្ទះ ហើយនិយាយសាកសួរគ្នា ទៅវិញទៅ មក មិនត្រឹមតែប៉ុណ្ណោះ នាងក៏ទទួលរាក់ទាក់សំណេះ សំណាលដោយសេចក្តីស្នេហា ហើយក៏សុខចិត្តសុខកាយ ស្រឡាញ់គ្នាជាប្តីប្រពន្ធ ហើយយក មាណព ទៅលាក់មិន អោយមហាចោរជាឪពុក ចិញ្ចឹមដឹងឡើយ។វេលាក្រោយមក មហាចោរសង្កេតឃើញឫកពាកូនស្រីរបស់ខ្លួន ខុសប្លែក ពីធម្មតា គឺ ឃើញនាងតែងខ្លួនជានិច្ចជាកាល ធ្វើការងារសព្វសារពើក្នុងផ្ទះ ដោយមិន បាច់ឪពុក តឿនឡើយ ដូចជាចង់ផ្គាប់ផ្គួនមនុស្សណា ម្នាក់ជាទីស្រឡាញ់ពេញចិត្ត។ មហាចោរនឹកសង្ស័យ ហើយសង្កេតតាមដានកូនស្រី ក៏ឃើញប្រុសម្នាក់ មាន រូបរាងស្អាតសង្ហា នៅក្នុងផ្ទះ ក៏អន់ចិត្តនឹងកូនស្រី លាយនឹងសេចក្តីអៀនខ្មាស់ បុរស ជាប្តីនាងនោះផង ក៏ដើរចេញពីផ្ទះបាត់ទៅ។ ទាំងពីរនាក់ប្តីប្រពន្ធ នៅក្នុងព្រៃយូរ បន្តិចទៅមិនឃើញ មហាចោរ ត្រឡប់មកផ្ទះវិញ គ៏នាំគ្នាចុះមករកឪពុកនៅឯ ភូមិ ស្រុក។ លុះមកដល់ ភូមិស្រុកហើយ ក៏នាំគ្នាចូលទៅអរគុណយាយម៉ប ព្រមទាំងជូន រង្វាន់គាត់ខ្លះៗទៀត ផង។ យាយម៉បមានចិត្តត្រេកអរជាខ្លាំងដើរប្រាប់អ្នកជិតខាងឲ្យមកមើលនាង ដោយ ថ្លែងបូរបាច់ប្រាប់គេថា “នាងម្នាក់នេះមានរូបឆោមលោម ពណ៌ល្អ ស្អាតឥតខ្ចោះ មក ពីនាងនៅក្នុងម្លប់ ដល់ពេលនាងចេញពីម្លប់ក៏មានប្តីតែម្តង”។ អ្នកស្រុកឃើញដូច្នេះ ក៏នាំគ្នាយកកូនដែលដល់អាយុគ្រប់ការទៅទុកក្នុងបន្ទប់ ដើម្បីឲ្យកូនសស្អាតដូចនាង ដែរ។ ហើយក៏ជាប់ជាទំនៀមទំលាប់រហូតមក ដល់សព្វ ថ្ងៃនេះ៕
No comments:
Post a Comment